សូមប្រយ័ត្នជំងឺក្តៅក្នុងនៅប្រទេសជប៉ុន

ជំងឺក្ដៅក្នុងជាអ្វី? រដូវក្ដៅនៅប្រទេសជប៉ុន គឺចាប់ផ្ដើមពីខែមិថុនា ដល់ខែសីហា។ រដូវក្ដៅនេះទៀតសោត មានធាតុអាកាសប្រែប្រួលយ៉ាងខ្លាំង ជួនភ្លៀង ជួនក្ដៅខ្លាំង។ នៅពេលអាកាសធាតុក្ដៅខ្លាំង ធ្វើអោយមនុស្សចាស់ក្មេងជាច្រើន ងាយនឹងកើតជំងឺក្ដៅក្នុង ជាភាសាជប៉ុនគឺ “ណែតឈឺស្យូ”។

+ និយមន័យ៖ ជំងឺក្ដៅក្នុងកើតឡើងនៅពេលបរិយាកាសក្ដៅ រឺក៏បរិយាកាសដែលពិបាកនឹងចុះកំដៅនៅក្នុងខ្លួន រឺក៏ហៅម្យ៉ាងទៀតថា ការប្រែប្រួលកំដៅនៅក្នុងខ្លួន។ ជំងឺក្ដៅក្នុងត្រូវបានគេដឹងថា កើតឡើងនៅពេលបញ្ចេញពលកម្មក្រោមកំដៅថ្ងៃក្ដៅ និង បញ្ចេញពលកម្ម ធ្វើការច្រើនម៉ោង ដោយមិនបានទទួលទានទឹក។

+ មូលហេតុ៖ មូលហេតុនៃជំងឺក្ដៅក្នុងគឺ កំដៅនៅក្នុងខ្លួនកើនឡើងខ្លាំង តុល្យភាពនៃប្រព័ន្ធកោសិកាបំលែងកំដៅក្នុងខ្លួនចុះខ្សោយ រួចបណ្ដាលអោយកំដៅងំក្នុងខ្លួន។ ករណីពេលកំដៅនៅក្នុងខ្លួនកើនឡើង ដើម្បីរក្សាកំដៅក្នុងខ្លួនអោយបានសមស្រប គឺត្រូវបញ្ចេញញើស និង បង្កើនកំរិតសីតុណ្ហភាព ស្បែកខាងក្រៅ នោះកំដៅក្នុងខ្លួននឹងចេញមកក្រៅ។ បើប្រព័ន្ធកោសិកាបំលែងកំដៅនោះខូច វានឹងបណ្ដាលអោយកើតជំងឺក្ដៅក្នុង។

កត្តាដែលនាំអោយកើតមានជំងឺក្ដៅក្នុងមានបីគឺ៖ កត្តាបរិយាកាស កត្តាខ្លួនប្រាណ និងកត្តាសកម្មភាព។

  • កត្តាបរិយាកាស៖ សីតុណ្ហភាពក្ដៅខ្លាំង កំរិតទឹកនៅក្នុងបរិយាកាសកើនឡើងខ្ពស់ ដំណើរខ្យល់មិនល្អជាដើម។
  • កត្តាខ្លួនប្រាណ៖ ក្មេង មនុស្សចាស់ បាត់ជាតិទឹកក្នុងខ្លួនជាដើម។
  • កត្តាសកម្មភាព៖ បញ្ចេញពលកម្មក្រោមកំដៅថ្ងៃក្ដៅ មិនសូវសំរាក មិនសូវផឹកទឹក មិនសម្រាកក្រោមម្លប់ជាដើម។

+ ជំងឺក្ដៅក្នុងមានអាការៈជំងឺដូចខាងក្រោម៖

  • វិលមុខ ធីងធោង ក្ដៅមុខ
  • ឈឺសាច់ដុំ ស្ពឹកជើង ញ័រសាច់ដុំ
  • អស់កម្លាំង ចង់ក្អួតចង្អោរ ឈឺក្បាល ល្ហិតល្ហៃ
  • បែកញើសខុសពីធម្មតា (ជូតប៉ុន្មានដងហើយនៅតែចេញញើសអត់ឈប់ ករណីខ្លះ មិនចេញញើសក៏មាន)
  • កំដៅក្នុងខ្លួនឡើងខ្ពស់់ ស្បែកឡើងព៌ណក្រហម ហើយស្ងួត
  • ដើរមិនត្រង់ផ្លូវ មិនអាចទទួលទានអាហារបានដូចរាល់ដង
  • ដើរខ្លួនឯងអត់រួច មិនអាចងើបផឹកទឹករួច

ករណីអ្នកជំងឺហៅមិនមានការឆ្លើយតប ឬ ឆ្លើយតបមិនសូវរួច សូមប្រញាប់នាំអ្នកជំងឺទៅព្យាបាល ព្រោះខ្លាចបង្កអោយអ្នកជំងឺឈឺកាន់តែធ្ងន់ធ្ងរ។

+ ការព្យាបាល និង ការការពារពីជំងឺក្ដៅក្នុង

  • កុំទុកអ្នកជំងឺនៅក្នុងបន្ទប់បិទជិត ក្ដៅថប់ ត្រូវបង្កើតអោយមានខ្យល់អាកាសចេញចូលល្អ
  • ផ្ដល់ទឹកផឹកទៅកាន់អ្នកជំងឺជាប្រចាំ និងអោយអ្នកជំងឺទទួលជាតិផ្អែមខ្លះ
  • ជូតខ្លួននឹងទឹកក្ដៅអ៊ុនៗល្មម (កុំអោយក្ដៅពេក ឬត្រជាក់ពេក) រួច បក់អោយស្ងួតខ្លួនវិញ
  • ត្រូវសម្រាកអោយបានគ្រប់គ្រាន់
  • ស្អំខ្លួនអោយត្រជាក់ (នៅក្នុងម៉ាស៊ីនត្រជាក់ ឧស្សាហ៍ជូតខ្លួន)
  • មិនត្រូវប្រើប្រាស់ថ្នាំផ្ដេសផ្ដាសឡើយ គួរទៅមន្ទីរពេទ្យ ករណីដែលសង្ស័យមានជំងឺក្ដៅក្នុង ឬ អ្នកជំងឺមានអាការៈធ្ងន់ធ្ងរ។

ជាចុងក្រោយនេះ សូមអោយបងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុនទាំងអស់ មានការប្រុងប្រយ័ត្នចំពោះសុខភាព គួរទទូលទានទឹកអោយបានច្រើនជាប្រចាំ រក្សាខ្លួននៅកន្លែងត្រជាក់ និងសម្រាកអោយបានគ្រប់គ្រាន់នារដូវក្ដៅនេះ។

コメントを残す

メールアドレスが公開されることはありません。 * が付いている欄は必須項目です