មកដល់ពេលនេះអគ្គិភ័យនេះបានផ្ដាច់យកជីវិតមនុស្សអស់៣៣នាក់ហើយ។
យោងតាមសារពត៌មានពីប្រទេសជប៉ុន មានគ្រោះអគ្គិភ័យកើតឡើងនៅស្ទូឌីយោគំនូរជីវចលក្យូតូជប៉ុន នាថ្ងៃទី១៨កក្កដានេះ វេលាម៉ោងប្រហែល១០កន្លះព្រឹក ម៉ោងនៅប្រទេសជប៉ុន។ នៅក្នុងស្ទូឌីយោនេះទៀតសោតមានមនុស្សប្រមាណ៧៣នាក់កំពុងបំរើការងារ។ មកដល់ពេលនេះ អគ្គិភ័យនេះបានផ្ដាច់យកជីវិតមនុស្សអស់៣៣នាក់ (ក្នុងនោះមានបុរស១២នាក់ ស្រី២០នាក់ មិនទាន់កំណត់ភិនភាគ១នាក់) និង ៣៦នាក់ទៀតរងរបួសធ្ងន់ស្រាល។
អគារស្ទូឌីយោគំនូរជីវចលក្យូតូជប៉ុនកំពស់៣ជាន់ ហេតុការណ៍ឆាបឆេះស្ទូឌីយោគំនូរជីវចលក្យូតូ
មន្ដ្រីប៉ូលីសជប៉ុនបានឃាត់ខ្លួនបុរសដែលជាជនសង្ស័យម្នាក់វ័យ៤១ឆ្នាំ នៅនឹងកន្លែង។ ប៉ូលីសបានសួរទៅជនសង្ស័យពីមូលហេតុនៃការដុតអគារនេះ ហើយជនសង្ស័យបានឆ្លើយថាអយុត្តិធម៌ និង បាននិយាយថា ថតចម្លងរបស់អញ។ ប៉ុន្តែ ទោះបីជាយ៉ាងនេះក្តីនៅមិនទាន់មានដំណឹងច្បាស់ការណាមួយជុំវិញករណីនេះទេ ដោយពេលនេះមន្ត្រីប៉ូលីសកំពុងធ្វើការស្រាវជ្រាវបន្ត។
សកម្មភាពមន្ត្រីប៉ូលីសធ្វើការឃាត់ខ្លួនជនសង្ស័យវ័យ៤១ឆ្នាំ ក្បែរកន្លែងកើតហេតុប្រមាណ៥០០ម៉ែត្រមានកន្លែងលក់សាំង
សាក្សីដែលកំពុងធ្វើការក្បែរអគារនោះបានហៅទូរសព្ទទៅកាន់នាយកដ្ឋានពន្លត់អគ្គិភ័យ ដោយគូសបញ្ជាក់ប្រាប់ថា ខ្លួនបានលឺសំឡេងផ្ទុះយ៉ាងខ្លាំងពីជាន់ទីមួយនៃស្ទូឌីយោគំនូរជីវចលក្យូតូ ហើយបន្ទាប់មក ស្រាប់តែមានផ្សែងហុយចេញពីជាន់ទីមួយនោះ ក្រោយមកទៀតក៏ឃើញមានមនុស្សរត់ចេញក្រៅ ហើយស្រែកអោយគេជួយ ក្នុងសភាពត្រូវភ្លើងឆេះសំលៀកបំពាក់ និង ឆេះខ្លួនប្រាណ។ សាក្សីផ្សេងទៀតបានរាយការណ៍ប្រាប់ប៉ូលីសថា ជនសង្ស័យរូបនេះ បានចាក់សារធាតុរាវដូចប្រេងសាំងនៅជុំវិញអគារក្រុមហ៊ុនគំនូរជីវចលក្យូតូ មុនពេលបញ្ឆេះភ្លើងដុត។
មុនហេតុការនេះកើតឡើង បុគ្គលិកដែលធ្វើការនៅទីនោះបានលឺសំលេងស្រែក ងាប់ទៅ ងាប់ទៅ បន្ទាប់មកឃើញបុរសម្នាក់រត់ចូលទៅជាន់ទី១ រួចចាក់សាំងដុតតែម្តង។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មានមនុស្សមួយចំនួនសង្ស័យថាជារឿងគំនុំ។ តាមការសាកសួររបស់មន្ត្រីជំនាញបានអោយដឹងថា បុរសដែលឃាត់ខ្លួនមានវ័យ៤១ឆ្នាំនេះ មិនមែនជាបុគ្គលិក និង មិនធ្លាប់ធ្វើការនៅស្ទូឌីយោគំនូរជីវចលក្យូតូពីមុនមកទេ។
មកទល់ពេលនេះ ជនសង្ស័យត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសដោយសាររលាកភ្លើង ខណៈការស៊ើបអង្កេតនៅតែបន្តធ្វើ។
ក្រោយការពន្លត់អគ្គិភ័យដោយប្រើប្រាស់ឡានទឹកជាច្រើនគ្រឿង បុគ្គលិកកំពុងបំរើការងារសរុបប្រហែល៧៣នាក់
គួររំលឹកផងដែរថា ក្រុមហ៊ុនគំនូរជីវចលក្យូតូជប៉ុនមួយនេះ បានបង្កើតឡើងក្នុងឆ្នាំ១៩៨១ ហើយទទួលបានការពេញនិយមពីប្រជាជនជប៉ុន និង ជនបរទេសនៅក្រៅប្រទេសផងដែរ។